Master of Art in History
BACKGROUND
ទោះបី ការពិតដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨០ នៅពេលដែល សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញនៅមានឈ្មោះថា សាលាគរុវិជ្ជាជាន់ខ្ពស់នៅឡើយក្តី តែដេប៉ាតឺម៉ង់នេះ បាន អប់រំនិស្សិតត្រឹមតែថ្នាក់បរិញ្ញាបត្រសិល្បៈផ្នែកប្រវត្តិវិទ្យាប៉ុណ្ណោះ។ ឆ្លើយតបនឹងតម្រូវការអ្នកប្រវត្តិសាស្ត្ររបស់ ជាតិកាន់តែច្រើនឡើង យ៉ាងហោចត្រឹមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទើបដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា មានផែនការ តំឡើងកម្មវិធីសិក្សា និងអប់រំ ដើម្បីផលិតអ្នកប្រវត្តិសាស្ត្រថ្នាក់ក្រោយបរិញ្ញាបត្រ ដែលប្រកបដោយគុណភាព ខ្ពស់។
ជាការពិត ប្រវត្តិវិទ្យា ជាការសិក្សាអំពីព្រឹត្តិការណ៍អតីតកាល ពត៌មាន និងបទពិសោធន៍របស់មនុស្ស ដោយពឹងផ្អែកលើប្រភពឯកសារសំណេរ និងឯកសារសំឡេង និងរូបភាពបន្ថែមផ្សេងទៀត សម្រាប់ ប្រវត្តិសាស្ត្រសហសម័យ ដែលពឹងលើការនិទានផ្ទាល់មាត់ពីការចងចាំរបស់មនុស្ស ដែលធ្លាប់មានបទ ពិសោធន៍។ វាមានសារៈសំខាន់ណាស់សម្រាប់សង្គម និងប្រទេស ពីព្រោះវាបង្ហាញពីអត្តសញ្ញាណជាតិ គម្រូ បទពិសោធន៍ល្អ-អាក្រក់ពីអតីតកាល និងការបង្កើតគំនិតសុភវិនិច្ឆ័យ នៅក្នុងពិភពមនុស្សលោកនេះ។ អ្នកប្រវត្តិ សាស្ត្រ ដែលបានទទួលការបណ្តុះបណ្តាលបានល្អ អាចស្រាវជ្រាវពីអតីតកាលរបស់ជាតិ និងបង្កើតចំណេះដឹង ដែលអាចប្រាប់ព័ត៌មានអំពីលក្ខណៈពិសេសគ្មានពីរនៃអត្តសញ្ញាណជាតិរបស់ប្រជាពលរដ្ឋខ្មែរបាន។ ដូចគ្នានេះ ដែរ តាមរយៈការសិក្សាអំពីបទពិសោធន៍អតីតកាល គ្រូបង្រៀន និស្សិត និងប្រជាពលរដ្ឋ អាចពិចារណា អំពី ជម្រើស បានកាន់តែប្រសើរសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់កំណត់គោលដៅអនាគត។
ប៉ុន្តែការស្រាវជ្រាវប្រកបដោយជំនាញ ដើម្បីបង្កើតចំណេះដឹង គឺមានលក្ខណៈ ឈានឆ្ងាយហួស ពីសមត្ថភាពត្រឹមនិស្សិតថ្នាក់បរិញ្ញាបត្រ។ នេះជាតួនាទីនៃការអប់រំថ្នាក់ក្រោយឧត្តម។ ដូច្នោះហើយ ទើបចំនួន និស្សិតដែលបានក្លាយជាអ្នកប្រវត្តិសាស្ត្រជាតិ នៅមានបរិមាណតិច ដោយសារតែពួកគេមិនមានលទ្ធភាព បង់ថ្លៃសិក្សាដ៏ខ្ពស់នៅបរទេស។
ដោយសារគ្រូឧទ្ទេសភាគច្រើននៃដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា គ្មានសញ្ញាបត្រថ្នាក់ក្រោយឧត្តមសិក្សា ខាង ផ្នែកប្រវត្តិវិទ្យា ទើបកម្មវិធីនេះមានក្តីបំណងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា ដើម្បីស្រាវជ្រាវ ប្រវត្តិសាស្ត្រ និងបន្ថែមទៅលើចំណេះដឹងជាតិ។ ក្នុងពេលជាមួយគ្នា ដែលពួកគេកំពុងសិក្សាកម្រិត កាន់តែ ខ្ពស់ជាងនេះ បុគ្គលិកទាំងនេះ អាចពង្រឹងគុណវុឌ្ឍិនៃការបង្រៀននិស្សិតកម្រិតបរិញ្ញាបត្រ ដើម្បីបង្កើនចំណេះ ដឹងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ កម្មវិធីនេះ មិនកម្រិតសម្រាប់តែបុគ្គលិករបស់ ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា ប៉ុណ្ណោះ ទេ តែយើងបើកឱកាសចូលរួមសិក្សាសម្រាប់បញ្ញវន្តទូទៅ ដែលកំពុងធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋ គ្រូបង្រៀននៅតាមវិទ្យាល័យនានា និងអ្នកមានបរិញ្ញាបត្រប្រវត្តិវិទ្យាទាំងឡាយ ព្រមទាំងអ្នកណា ដែលមានសញ្ញាបត្របរិញ្ញាខាងសង្គមសាស្ត្រ និងមនុស្សសាស្ត្រ។ ហេតុដូច្នេះ កម្មវិធីនេះ អាចទាញយក ប្រយោជន៍បានដោយប្រភេទបញ្ញវន្តទាំងឡាយដូចបានរៀបរាប់ខាងលើ លើសពីនិស្សិតកម្រិត បរិញ្ញាបត្រ និងសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ប្រវត្តិវិទ្យាទៅទៀត។
Vision
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ប្រវត្តិវិទ្យាមានចក្ខុវិស័យស្រដៀងគ្នានឹងចក្ខុវិស័យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងមូលដែរ គឺប្តេជ្ញាផ្តល់នូវការអប់រំដល់អ្នកប្រវត្តិវិទ្យាប្រកបដោយគុណភាព នៅថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់របស់ខ្លួន គឺជាគុណភាពក្នុងន័យអាចឲ្យនិស្សិតក្រោយឧត្តមសិក្សានេះចូលរួមចំណែកបញ្ចេញឯកទេសភាព របស់ខ្លួនក្នុងការបង្កើតស្នាដៃសំណេរប្រវត្តិសាស្ត្រដោយប្រជាជនកម្ពុជាក្នុងសម័យបច្ចុប្បន្នបានដោយខ្លួនឯង។
Mission
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រវត្តិវិទ្យានេះ បានកំណត់បេសកកម្មរបស់ខ្លួនដូចខាងក្រោមនេះ៖
· បណ្តុះបណ្តាលនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា និងសាស្ត្រាចារ្យរបស់ដេប៉ាតឺម៉ង់ ដែលស្វែងរកការសិក្សាបង្កើន កម្រិតនៃការចេះដឹងទូទៅឲ្យបានខ្ពស់ជាងមុន ដូច្នោះហើយ សាស្រ្តាចារ្យដេប៉ាតឺម៉ង់ប្រវត្តវិទ្យាទាំងអស់ នឹងមានចំណេះ ដឹង ព្រមទាំងជំនាញចាំបាច់ ដើម្បីបង្កើនគុណវុឌ្ឍិនៃការបង្រៀន ឲ្យបានដល់កម្រិតបទដ្ឋានគម្រូបែបវិទ្យាសាស្ត្រ។
· ផ្តល់នូវមូលដ្ឋានចំណេះដឹងប្រវត្តិសាស្ត្រដ៏ទូលំទូលាយ តាមរយៈការក្រេបជញ្ជក់ទ្រឹស្តី និងសកម្មភាពស្រាវជ្រាវ និង ការ ប្រើប្រាស់វិធីសាស្ត្របែបប្រព័ន្ធ វិភាគ និងត្រិះរិះពិចារណា ក្នុងការរៀនសូត្រ។
· ពង្រឹងលទ្ធភាពយល់ដឹងជាន់ខ្ពស់ ចំពោះទ្រឹស្តីពាក់ព័ន្ធ កំណត់ត្រាប្រវត្តិសាស្ត្រ និង ភស្តុតាង ទាំងឡាយ ត្រូវ ប្រៀបធៀបគ្នា ការវិភាគ ការបកស្រាយ ការសន្និដ្ឋាន និងការឈ្វេងយល់ប្រវត្តិសាស្ត្រកម្ពុជា ជាមួយប្រវត្តិសាស្ត្រតំបន់ និង ព្រឹត្តិការណ៍អន្តរជាតិនៅចំពោះមុខផ្សេងៗពីគ្នា។
· លើកកម្ពស់បរិស្ថានសិក្សាជាន់ខ្ពស់ឲ្យទូលំទូលាយមួយ ដែលនិស្សិតប្រវត្តិវិទ្យាអាចឆ្លើយតប ចំពោះការប្រឈមមុខ ទាំងឡាយបណ្តាលពីការលេចឡើងថ្មីនៃការបកស្រាយប្រវត្តិសាស្ត្រ និងបើកទូលាយជើងមេឃទំនាក់ទំនងរបស់ពួកគេ ដោយរួមបញ្ចូលនូវមូលបញ្ហាប្រវត្តិសាស្ត្រ និងទស្សនទានទាំងឡាយក្នុងតំបន់ និងពិភពលោក។
Eligible Applicant
អ្នកចូលរួមសិក្សាទាំងអស់ត្រូវមានបរិញ្ញាបត្រប្រវត្តិវិទ្យា។ ចំពោះអ្នក ដែល មានបរិញ្ញាបត្រខុសពី ប្រវត្តិវិទ្យា ត្រូវសិក្សាវគ្គត្រៀមចំនួន៩ក្រេឌីតជាមុនសិន ទើបអាចប្រឡងចូលសិក្សាបាន។ វិញ្ញាសាសម្រាប់ ប្រឡង ចូលសិក្សាមានពីរមុខជំនាញ គឺប្រវត្តិសាស្ត្រខ្មែរ និងអាស៊ីអាគ្នេយ៍ និងភាសាអង់គ្លេស។
Application Process
អ្នកមានបំណងសិក្សាក្នុងកម្មវិធីបណ្តុះបណ្ដាលនេះ ត្រូវបំពេញសំណុំឯកសារតម្រូវការដូចខាងក្រោម ដើម្បីដាក់ពាក្យសុំប្រឡងចូលរៀន។
- ពាក្យសុំប្រឡងចូលរៀនចំនួន ០១ច្បាប់
- សញ្ញាបត្របរិញ្ញាបត្រប្រវត្តិសាស្ត្រ ឬបរិញ្ញាបត្រខាងសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ថតចម្លង ដែល មានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានចំនួន ០១ច្បាប់
- ចំពោះសញ្ញាបត្រពីបរទេសត្រូវមានបញ្ជាក់ពីកម្រិតសមមូលពីគណៈកម្មការទទួលស្គាល់
គុណភាពអប់រំកម្ពុជា (ACC) ចំនួន ០១ច្បាប់
- ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មី (៤X៦) និងពាក្យសុំប្រឡងចំនួន ០១ច្បាប់
- រូបថតថ្មី ថតចំពីមុខគ្មានពាក់វ៉ែនតា (៤X៦) ០៣សន្លឹក និង (៣X៤) ០២សន្លឹក
- បង្កាន់ដៃបង់សិទ្ធិប្រឡងតម្លៃ ២០ដុល្លារ។
Duration of Program
ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ប្រវត្តិវិទ្យាក្នុងមួយជំនាន់ៗ មានរយៈពេលពីរឆ្នាំ។
Contact Details
Address
N/A
Phone
N/A
N/A