តម្រូវការធនធានមនុស្សកម្រិតខ្ពស់
យោងតាមតម្រូវការរបស់ប្រទេសជាតិ ដែលកំពុងខ្វះខាតធនធានមនុស្សក្នុងវិស័យអប់រំ និងយោងតាមផែនការយុទ្ធសាស្ត្រ ២០១៤-២០១៨ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជា តម្រូវការចាំបាច់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកបរិញ្ញាបត្រជាន់ខ្ពស់អក្សរសិល្ប៍ខ្មែរ។ បច្ចុប្បន្ននេះសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរភាគច្រើនមានត្រឹមតែ បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា ឬបណ្ឌិតផ្នែកភាសាវិទ្យា ពោលមិនទាន់មានបរិញ្ញាបត្រជាន់ខ្ពស់អក្សរសិល្ប៍ខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឡើយ។ ចំពោះបណ្ឌិតផ្នែកអក្សរសាស្ត្រ និងអក្សរសិល្ប៍មួយចំនួនមានតែក្នុងស្ថាប័ន្តផ្សេងៗ ដូចជានៅរាជបណ្ឌិតសភាកម្ពុជា និងនៅបរទេសជាដើម។
អក្សរសិល្ប៍ជាវិទ្យាសាស្ត្រ និងសិល្បៈ
អក្សរសិល្ប៍ជាបទនិពន្ធប្រកបទៅដោយសិល្ប៍វិធី ធ្វើឱ្យអ្នកអាន អ្នកស្តាប់កើតចេញនូវក្តីរំភើប ដូចជារឿងប្រលោមលោក កំណាព្យ និងនាដ្យកថា។ មុខវិជ្ជានេះគឺជាវិទ្យាសាស្ត្រដែលសិក្សាពីហេតុការណ៍ ក្រឹត្យក្រម អត្ថិភាព និងការអភិវឌ្ឍនៃអក្សរសិល្ប៍។ ការសិក្សានេះជួយឱ្យនិស្សិតស្រាវជ្រាវបំពេញបន្ថែមចំណេះដឹងផ្នែកអក្សរសិល្ប៍ខ្មែរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បំពេញតម្រូវការផ្នែកអប់រំ និងសាកលវិទ្យាល័យនានា។
ការឆ្លើយតបចំពោះតម្រូវការសង្គម
ដោយយល់ឃើញថាមុខវិជ្ជាអក្សរសិល្ប៍មានសារប្រយោជន៍យ៉ាងខ្លាំងក្នុងសង្គម ហើយនៅមិនទាន់មានធនធានមនុស្សកម្រិតក្រោយឧត្តមគ្រប់គ្រាន់ ការបើកវគ្គបណ្តុះបណ្តាលនេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយបំពេញតម្រូវការចាំបាច់ដល់និស្សិត លោកគ្រូ អ្នកគ្រូ មន្ត្រី និងបុគ្គលិកអង្គការ ឱ្យកាន់តែមានសមត្ថភាពផ្នែកអក្សរសិល្ប៍ថែមទៀត។