Home » News » សហគ្រិនខ្មែរផ្តល់ជំនួយដល់មជ្ឈមណ្ឌលសូត្រខ្មែរទី២ក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្កើនបរិមាណវត្ថុធាតុដើមក្នុងស្រុក និងបង្កើនបរិមាណផ្គត់ផ្គង់សូត្រដល់សហគ្រាសធនតូចនិងមធ្យមក្នុង​វិស័​យសិប្បកម្ម ...

សហគ្រិនខ្មែរផ្តល់ជំនួយដល់មជ្ឈមណ្ឌលសូត្រខ្មែរទី២ក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្កើនបរិមាណវត្ថុធាតុដើមក្នុងស្រុក និងបង្កើនបរិមាណផ្គត់ផ្គង់សូត្រដល់សហគ្រាសធនតូចនិងមធ្យមក្នុង​វិស័​យសិប្បកម្ម

2023-11-08 05:49:20

By: Information Technology Center

នៅអំឡុងដើមឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសូត្រខ្មែរបានទទួលការគាំទ្រពីសហគ្រិន​ខ្មែរ (Khmer Enterprise) ដែលអាចឲ្យមជ្ឈមណ្ឌលបោះជំហានយ៉ាងវែងនៅក្នុងបេសកកម្ម និង​គោលដៅសកម្មភាពរបស់ខ្លួន នោះគឺលទ្ធភាពផលិតពងដង្កូវនាងនៅទីតាំងសហគមន៍ផ្ទាល់នៃខេត្តមណ្ឌល​គិរី។ ការបោះជំហាននេះបានបញ្ជៀសនូវបញ្ហាខូចពងដង្កូវនាង ដែល​​បណ្តាល​​មកពីការដឹកជញ្ជូនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោមជំនួយរបស់សហគ្រិនខ្មែរ មជ្ឈមណ្ឌលសូត្រខ្មែរបានទទួលសម្ភារៈសំខាន់ៗ រួមមាន៖ ទូភ្ញាស់ពងដង្កូវនាង (incubator) ទូពិសោធន៍សុវត្ថិភាព (bio-safety cabinet) និងទូរក្សាស្លឹកមន (refrigerator) ហើយសម្ភារៈទាំងអស់ត្រូវបានដំឡើងតាមបច្ចេកទេសត្រឹមត្រូវ និងដាក់ឲ្យដំណើរការនៅ​មជ្ឈមណ្ឌលសូត្រខ្មែរទី២ ដែលមានទីតាំងនៅសហគមន៍ក្រង់តេះ ខេត្តមណ្ឌលគិរី។

មជ្ឈមណ្ឌលសូត្រខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលសូត្រខ្មែរបានខិតខំពុះពារយ៉ាងសកម្ម ដើម្បីសម្រេចបេសកកម្ម និងគោលដៅរបស់ខ្លួន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយការចំណាកស្រុក និងចូលរួមលើកកម្ពស់វប្បធម៌និងប្រពៃណីជាតិ។ យន្តការដើម្បីសម្រេចសកម្មភាពគោលដៅ​របស់មជ្ឈមណ្ឌល រួមមាន៖ ការបង្កើតអគារសម្រាប់ចិញ្ចឹមនិងបង្កើនពូជដង្កូវនាង ការស្រាវជ្រាវបច្ចេក​ទេស​ជាមួយដៃគូរជាតិនិ​ងអន្តរជាតិ និងការអប់រំលើកោសេយ្យ​វប្បកម្ម​ (ការចិញ្ចឹមដង្កូវនាងសម្រាប់ផលិតសូត្រ) ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ការចងក្រងនិង​គាំទ្របច្ចេកទេសសហគមន៍សូត្រ និងស្វែងរកឱកាសទីផ្សារសម្រាប់ផលិត​សូត្រ។

បញ្ហាប្រឈមសម្រាប់វិស័យកោសេយ្យវប្បកម្មនៃប្រទេសកម្ពុជា គឺការកង្វះពូជដង្កូវនាងដែលមាន​សុខភាពល្អ ការជ្រើសរើសពូជដែលធន់នឹងជំងឺ និងផលិតសរសៃសូត្របានវែង និងដាំដើមមនមិនបាន​ត្រឹមត្រូវតាមបច្ចេកទេស។ មជ្ឈមណ្ឌលសូត្រខ្មែរបានសម្រេចនូវសមិទ្ធផលពាក់ព័ន្ធសំខាន់ៗ និងឆ្លើយ​តបទៅនឹងបញ្ហាប្រឈម រួមមាន៖ ការបង្កាត់ជ្រើសពូជដង្កូវនាងដែលមានសុខភាពល្អនិងមានសរសៃ​សូត្រវែង បច្ចេកទេសភ្ញាស់និងផលិតពងដង្កូវនាងដែលមានសុខភាពល្អ (គ្មានជំងឺ) និងការប្រមូល និង​ដាំរក្សាពូជដើមមនសម្រាប់កសិករ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលសូត្រខ្មែរនៅតែជួបនូវបញ្ហាមួយផ្សេងទៀត​គឺការដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយ និងមិនត្រឹមត្រូវតាមបច្ចេកទេស ដែលធ្វើឲ្យកូនញាស់របស់ដង្កូវ​​នាងមានសុខភាពខ្សោយលូតលាស់យឺត និងងាយមានជំងឺ។ កន្លងមក មជ្ឈមណ្ឌលសូត្រខ្មែរបានជួបឧបសគ្គ​នេះ ដោយសារការដឹកជញ្ជូនពងដង្កូវនាងពីមជ្ឈមណ្ឌលសូត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅសហគមន៍​​សូត្រខេត្ត​មណ្ឌលគិរី ដែលជាខេត្តមានសក្តានុពលក្នុងវិស័យកោសេយ្យវប្បកម្ម (ការចិញ្ចឹមដង្កូវនាងសម្រាប់ផលិតសូត្រ) ដោយ​សារលក្ខខណ្ឌអំ​ណោយ​ផលនៃបរិស្ថាន។

មជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណដល់សហគ្រិនខ្មែរដែលបានគាំទ្រដល់មជ្ឈមណ្ឌលសូត្រខ្មែរ។ សម្ភារៈទាំងនោះនឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍យូរអង្វែងសម្រាប់ការអប់រំស្រាវជ្រាវនវានុវត្តន៍ និងការគាំទ្រដល់សហគមន៍សូត្រ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនបរិមាណផ្គត់ផ្គង់សូត្រក្នុងស្រុកដល់សហគ្រាសធនតូច និងមធ្យមជំនួសឱ្យការនាំចូល កាត់បន្ថយការធ្វើចំ​ណាក​ស្រុក និងចូលរួមលើកកម្ពស់វប្បធម៌និងប្រពៃណីជាតិ៕

Back to All News »

Share this news