Research Office

News

សិក្ខាសាលាស្តីពី៖ «Application of AI in Academic Publication Ethics and Predatory Journals»

November 21, 2026
សិក្ខាសាលាស្តីពី៖ «Application of AI in Academic Publication Ethics and Predatory Journals»

សិក្ខាសាលាស្តីពី៖ «Application of AI in Academic Publication Ethics and Predatory Journals»

ការិយាល័យស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី «Application of AI in Academic Publication Ethics and Predatory Journals» នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគារ  NICC ។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងដល់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិកពាក់ព័ន្ធ អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការស្រាវជ្រាវ និងការបោះពុម្ពផ្សាយប្រកបដោយការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ ព្រមទាំងផ្តល់ចំណេះដឹងអំពីវិធីការពារខ្លួនពីការបោកបញ្ឆោតរបស់ទស្សនាវដ្តីក្លែងក្លាយ (Predatory Journals)។

បច្ចុប្បន្ន AI កំពុងផ្លាស់ប្តូររបៀបសរសេរ និងបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ ហើយត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ជាពិសេសក្នុងវិស័យអប់រំ។ ទន្ទឹមនឹងនេះ ទស្សនាវដ្តីក្លែងក្លាយក៏កំពុងរីករាលដាល និងបង្កហានិភ័យដល់គុណភាព និងកេរ្តិ៍ឈ្មោះនៃស្នាដៃស្រាវជ្រាវផងដែរ។

ក្នុងសិក្ខាសាលានេះ លោកបណ្ឌិត Pradeep Tiwari មកពីក្រុមហ៊ុន MRI Publication Pvt. Ltd. បានបង្ហាញអំពីតួនាទីរបស់ Agentic AI នៅក្នុងដំណាក់កាលនីមួយៗនៃការសរសេរអត្ថបទស្រាវជ្រាវ។ លោកក៏បានពន្យល់អំពីគោលការណ៍ណែនាំរបស់ COPE, ICMJE, Elsevier និង Springer Nature ព្រមទាំងលើកយកករណីជាក់ស្តែងនៃការប្រើប្រាស់ AI ដែលផ្ទុយនឹងក្រមសីលធម៌មកបង្ហាញ។ ជាមួយគ្នានេះ លោកបានពន្យល់ពីមូលហេតុដែល AI មិនគួរត្រូវបានប្រើជំនួសអ្នកស្រាវជ្រាវក្នុងការសរសេរអត្ថបទស្រាវជ្រាវ។ រីឯចំណែក លោកសាស្ត្រាចារ្យបណ្ឌិត Sok Serey បានចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការលើកកម្ពស់សុចរិតភាពក្នុងការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ។ បន្ទាប់មកលោក សាស្ត្រាចារ្យបណ្ឌិត SOU Veasna បានបកស្រាយអំពីនិយមន័យ ទំហំនៃបញ្ហា និងគំរូអាជីវកម្មរបស់ទស្សនាវដ្តីក្លែងក្លាយ។ លោកបានបង្ហាញពីសញ្ញាព្រមានដែលគួរប្រុងប្រយ័ត្ន ដូចជា អ៊ីមែលអញ្ជើញបែបបោកបញ្ឆោត តួលេខ Impact Factor ក្លែងក្លាយ និងករណីលួចប្រើឈ្មោះទស្សនាវដ្តីដែលមានកេរ្តិ៍ឈ្មោះ ដើម្បីបោកបញ្ឆោតអ្នកនិពន្ធ។ លោកក៏បានចែករំលែកឧបករណ៍ និងបញ្ជីត្រួតពិនិត្យសម្រាប់ជួយជ្រើសរើសទស្សនាវដ្តីដែលគួរឱ្យទុកចិត្ត។ 

តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីការអនុវត្តដែលអាចធ្វើបាន និងការអនុវត្តដែលគួរជៀសវាង នៅពេលប្រើប្រាស់ AI ក្នុងការស្រាវជ្រាវ។ ពួកគេក៏ទទួលបានចំណេះដឹងក្នុងការសម្គាល់ និងជៀសវាងទស្សនាវដ្តី និងសន្និសីទដែលមានលក្ខណៈក្លែងក្លាយ ឬបោកបញ្ឆោត ដើម្បីការពារស្នាដៃស្រាវជ្រាវ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ព្រមទាំងស្ថាប័ន៕